កំណត់សម្គាល់សង្ខេបពីបែបបទ/លក្ខខណ្ឌនៃការធ្វើដំណើរចូលសិង្ហបុរីតាមផ្លូវអាកាស សម្រាប់ពលរដ្ឋកម្ពុជាដែលធ្វើដំណើរមកស្នាក់នៅរយៈពេលខ្លី ឬវែង៖
១- លិខិតឆ្លងដែន៖ ត្រូវមានសុពលភាពយ៉ាងតិច៦ខែ គិតចាប់ពីថ្ងៃធ្វើដំណើរ។
២- ប័ណ្ណរាយការណ៍ពេលទៅដល់ ( SG Arrival Card)៖ សូមបំពេញក្នុងអំឡុងពេល៣ថ្ងៃ មុនពេលទៅដល់ឬនៅថ្ងៃពេលទៅដល់សិង្ហបុរីភ្លាមៗ។ សូមចូលទៅកាន់ https://eservices.ica.gov.sg/sgarrivalcard/ ។
៣- ពេលទៅដល់ព្រលានយន្តហោះសិង្ហបុរី៖
សូមប្រាកដថាអ្នកមិនយកវត្ថុ/ឥវ៉ាន់ ដែលហាមឃាត់ ចូលសិង្ហបុរីឡើយ។ សូមចូលទៅកាន់ https://www.ica.gov.sg/enter-transit-depart/entering-singapore/what-you-can-bring ដើម្បីស្វែងយល់បន្ថែម។
សូមប្រាកដខ្លួនឯងថា តើអ្នកត្រូវឆ្លងកាត់ច្រកទ្វារបៃតង - Green Channel (ដោយសារអ្នកមិនមានវត្ថុឬទំនិញដែលហាមឃាត់ឬជាប់ពន្ធ) ឬ ច្រកទ្វារក្រហម - Red Channel (ដោយសារអ្នកមានវត្ថុឬទំនិញដែលហាមឃាត់ឬជាប់ពន្ធមកជាមួយ)។ សូមស្វែងយល់លម្អិតនៅទីនេះ https://www.ica.gov.sg/enter-transit-depart/at-our-checkpoints/for-travellers/baggage-clearance ។
៤- សូមប្រុងប្រយ័ត្នខ្ពស់៖
ក. សារធាតុ/ថ្នាំញៀន
ដាច់ខាតមិនត្រូវកាន់កាប់ លាក់ទុកជាប់ខ្លួន ផ្ទុកក្នុងកាបូបឬវ៉ាលី ឬនាំចូលនូវសារធាតុញៀនដោយវិធីណាក៏ដោយ។ ការនាំចូលដោយខុសច្បាប់ឬជួញដូរនូវសារធាតុញៀនទាំងនេះមកសិង្ហបុរី ទោះក្នុងបរិមាណតិចតួចក្តី អាចប្រឈមនឹងទោសប្រហារជីវិត។ សូមស្វែងយល់បន្ថែមនៅទីនេះ https://www.cnb.gov.sg/drug-information/drugs-and-inhalants។
ខ. ប្រាក់កាសជាប់ខ្លួន
បើអ្នកចូលមក ឬចេញពីសិង្ហបុរី វិញ ដោយកាន់កាប់ក្រដាសប្រាក់ឬកាសប្រាក់ (ទាំងជាតិ និងបរទេស) ឬរូបិយវត្ថុផ្សេងទៀត ដែលមានតម្លៃសរុបលើសពី ២០ ០០០ (ពីរម៉ឺន) ដុល្លារសិង្ហបុរី ក្នុងម្នាក់ អ្នកចាំបាច់ត្រូវតែប្រកាសរាយការណ៍អោយលំអិត។ ការខកខានធ្វើដូច្នេះ អ្នកអាចប្រឈមនឹងការផាកពិន័យ ជាប្រាក់ ឬការ ជាប់ពន្ធនាគារ ឬ ទោសទាំងពីរ ។
ការប្រកាសរាយការណ៍នេះ ត្រូវធ្វើតាមប្រព័ន្ធអេឡិចត្រូនិច ជំនួសការសរសេរដោយដៃ ដោយអ្នកអាចបំពេញជាមុនក្នុងអំឡុងពេល៣ថ្ងៃ មុនពេលមកដល់ និង/ឬ មុនចាកចេញសិង្ហបុរី តាមរយៈកម្មវិធីលើទូរសព្ទដៃ ( App) ឈ្មោះថា MyICA ហើយជ្រើសរើសពាក្យ “Submit Cash (CBNI) Declaration” ឬតាមរយៈគេហទំព័រ https://go.gov.sg/cbnideclaration ហើយចុចលើពាក្យ Submit Online ។ សូមស្វែងយល់បន្ថែមនៅទីនេះ ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត សូមចូលទៅកាន់គេហទំព័រ៖ https://safetravel.ica.gov.sg ។ (Updated 28 May 2024)